គ្រោងផ្នែកខាងក្រៅនៃបន្ទះបេតុងច្នៃប្រឌិតបែបថ្មី

August 15, 2018

" មជ្ឈមណ្ឌលរៀនសូត្រ រ៉ូលេក្ស (The Rolex Learning Center) របស់វិទ្យាស្ថានពហុបច្ចេកវិទ្យាសហព័ន្ធឡូសេន (Ecole Polytechnique Federale de Lausanne) "

ក្នុងបរិយាកាសត្រជាក់ដែលស្ថិតនៅក្នុងទីក្រុងឡូសេន (Lausanne) ប្រទេសស្វីស វិទ្យាស្ថានបច្ចេកវិទ្យាសហព័ន្ធឡូសេន (Ecole Polytechnique Fédérale de Lausanne) មានរូបរាងជាបន្ទះបេតុងពណ៌សដូចទឹករលកឡើងចុះដែលស៊ីគ្នាជាមួយនឹងផ្ទាំងទស្សនីយភាពនៃជួរភ្នំ Alps ដែលស្ថិតនៅពីខាងក្រោយ។ បន្ទះបេតុងនេះមានប្រហោងធំៗស្ថិតនៅចំកណ្ដាលធ្វើអោយវាមានរូបរាងដូចបន្ទះឈីសធំៗដែលនៅក្នុងសាំងវិចមួយ។ ទោះបីជាយ៉ាងណាក៏ដោយ នេះមិនមែនជាបន្ទះឈីសយក្សនោះទេ តែវាគឺជាលំហរកន្លែងសម្រាប់ប្រើប្រាស់តាមមុខងារផ្សេងៗ។ ហើយជាការពិត សំណង់ដែលប្រកបដោយភាពច្នៃប្រឌិតនេះមានភាពជឿនលើនខ្លាំងណាស់ដែលបានធ្វើអោយវាក្លាយជាស្ថាបត្យកម្មដ៏ល្បីល្បាញប្រចាំសតវត្សន៍ទី ២១។

ទិដ្ឋភាពមជ្ឈមណ្ឌលរៀនសូត្ររ៉ូលេក្ស (The Rolex Learning Center) ក្នុងអំឡុងពេលសាងសង់
Image: www.en.wikipedia.org

គ្រោងបន្ទះបេតុងធំៗដែលគ្របដណ្ដប់និងលាតសន្ធឹងដូចខ្សែកោងនៅលើអគារ EPFL គឺជាមជ្ឈមណ្ឌលរៀនសូត្ររ៉ូលេក្ស (The Rolex Learning Center)។ មជ្ឈមណ្ឌលនេះត្រូវបានរចនាប្លង់ដោយក្រុមហ៊ុនជប៉ុនឈ្មោះ Pritzker Architecture Prize firm ស្ថិតនៅទីក្រុង SANAA ហើយស្ថិតនៅក្រោមការត្រួតពិនិត្យរបស់លោក Kazuyo Sejima និងលោក Ryue Nishizawa។ នៅក្នុងដំណើរការរចនាប្លង់ ស្ថាបត្យករទាំងពីរនាក់នេះបានធ្វើដំណើរទៅកាន់តំបន់ដែលស្ថិតនៅក្នុងផ្នែកមួយនៃជួរភ្នំ Alps។ ទីតាំងភូមិសាស្រ្ដ ជណ្ដើរឡើង និងជំរាលភ្នំ បានក្លាយជាការជំរុញទឹកចិត្តអោយពួកគេខិតខំរចនាទីកន្លែងប្រើប្រាស់នានាតាំងពីផ្នែកខាងក្នុងរហូតដល់ផ្នែកខាងក្រៅ។ នៅក្នុងការរចនាប្លង់នោះ ស្ថាបត្យករទាំងពីររូបបានសិក្សានិងរចនាប្លង់ដោយផ្អែកទៅលើទំនាក់ទំនងនិងសកម្មភាពរបស់និស្សិតនៅសតវត្សន៍ទី ២១។ កន្លែងផ្នែកខាងក្រៅនៃអគារត្រូវបានរចនាប្លង់ឡើងដើម្បីឆ្លើយតបទៅនឹងសកម្មភាពផ្សេងៗនៃផ្នែកស្រាវជ្រាវនិងអភិវឌ្ឍខាងផ្នែកវិទ្យាសាស្រ្ដនិងបច្ចេកវិទ្យារបស់វិទ្យាស្ថាន។ បន្ទប់ពិសោធន៍ បណ្ណាល័យ និងសាលប្រជុំសិក្ខាសាលាផ្សេងៗត្រូវបានរចនាប្លង់ដោយឡែក ហើយភ្ជាប់ទៅនឹងផ្នែកអគារដែលមានរូបរាងផ្សេងៗដូចជា កោង ទ្រវែងជាដើម។ នៅខណះពេលដែលយើងចូលទៅខាងក្នុងអគារ យើងនឹងមើលឃើញនិងដើរកាត់កន្លែងប្រើប្រាស់ផ្សេងៗ យឺតៗនិងបន្ដបន្ទាប់គ្នា។ បន្ទប់រាងទ្រវែងត្រូវបានកំណត់ជាកន្លែងបន្ទប់ប្រជុំ ឬសាលមហោស្រពខ្នាតតូច។ ស្ថាបត្យករចង់បានកន្លែងដែលមានផ្ទៃប្រហែល ២២ ០០០ ម៉ែត្រការ៉េដើម្បីផ្ទុកមនុស្សប្រមាណ ៦០០នាក់។ លើសពីនេះទៅទៀត ពួកគេត្រូវការកន្លែងដែលអាចផ្សារភ្ជាប់ទៅនឹងទេសភាពខាងក្រៅដែលអាចមើលឃើញបឹងហ្សឺណែវជាមួយនឹងជួរភ្នំ Alps នៅពីខាងក្រោយ។

ជ្រុងដែលមើលឃើញព្រិលៗនូវកន្លែងខាងក្នុងអគារនិងផ្លូវចូលពីខាងក្រៅ
Image: www.architektur.mapolismagazin.com
កន្លែងប្រើប្រាស់ផ្នែកខាងក្នុងអគារ
Image: www.architektur.mapolismagazin.com

ទោះបីជាយ៉ាងណាក៏ដោយ បំណងប្រាថ្នារបស់ស្ថាបត្យករនេះត្រូវបានធ្វើសម្រេចដោយក្រុមវិស្វករសំណង់របស់ក្រុមហ៊ុន SAPS (Sasaki and Partners) របស់ប្រទេសជប៉ុនដែលបានសហការក្នុងការរចនាប្លង់គ្រោងផ្នែកខាងក្រៅ។ដោយមានការសហការជាមួយក្រុមវិស្វករអឺរ៉ុបនៅក្រុមហ៊ុន B+G Ingenieure Bollinger and Grohmann GmbH ពួកគេអាចបែងចែកមុខងារនៃការប្រើប្រាស់ទីកន្លែងនានាបានយ៉ាងល្អប្រសើរ។ ពួកគេអាចរចនាប្លង់ស្របតាមតម្រូវការដោយអាចមើលឃើញព្រិលនូវកន្លែងប្រើប្រាស់ផ្នែកខាងក្នុងជាទម្រង់ខ្សែកោង។ ការរចនាគ្រោងសំណង់ដោយប្រើបេតុងប្រភេទខ្សែកាបដើម្បីទ្រទ្រង់ក្បាច់កោងជាច្រើន។ ក្បាច់កោងទាំងនេះត្រូវបានប្រើជាផ្នែកមួយសម្រាប់ផ្លូវចូលដែលមានទំហំប្រមាណ ៥៥ ទៅ ៩០ ម៉ែត្រ។ ខាងជាងសំណង់បានប្រើម៉ូទ័រកាត់ឈើដែលមានប្រវែង ២,៥ ម៉ែត្រ គុណនឹង ២,៥ ម៉ែត្រ ធ្វើជាក្ដារពុម្ពសម្រាប់បន្ទះបេតុងរាងកោងមួយចំនួន។ ដែលគួរអោយចាប់អារម្មណ៍នោះគឺ ការសាងសង់ទាំងមូលបានប្រើបន្ទះក្ដារពុម្ពឈើលើសពី ១ ៤០០ បន្ទះ ដែលប្រើប្រាស់បច្ចេកវិទ្យាជីភីអេស (GPS) នៅត្រង់ទីតាំងជាក់ស្ដែងដើម្បីទទួលបានទំហំខ្នាតត្រឹមត្រូវ។ គ្រោងគឺជាបន្ទះស្ដើងរាងកោងដែលទទួលបានពីកំលាំងពុតរបស់វា។ ថ្វីត្បិតបន្ទះបេតុងមិនប៉ះដីក៏ដោយ ប៉ុន្ដែវាមានសមត្ថភាពទ្រទំងន់បានយ៉ាងល្អ។ នេះគឺជាការច្នៃប្រឌិតដែលបានបង្ដើតស្នាដៃឯកខាងក្បាច់អគារនៅតំបន់បឹងស្សឺណែវផងដែរ។

កន្លែងប្រើប្រាស់ផ្នែកខាងក្នុង និងខាងក្រៅរបស់មជ្ឈមណ្ឌលរៀនសូត្ររ៉ូលេក្ស
Image: (top) www.en.wikipedia.org (bottom) www.detail-online.com
បន្ទប់កណ្ដាល
Image: www.detail-online.com

បើគិតពីរឿងការសន្សំសំចៃថាមពលវិញ ស្ថាបត្យកម្មបែបនេះបាននាំយកនូវពន្លឺថ្ងៃធម្មជាតិតាមរយះជញ្ជាំងផ្នែកខាងក្រៅដែលមានកញ្ចក់ពីរជាន់។  ប្រព័ន្ធកំដៅនិងខ្យល់ត្រូវបានតំឡើងដើម្បីធ្វើអោយការប្រើប្រាស់ថាមពលមានប្រសិទ្ធិភាពនៅក្នុងផ្ទៃអគារផ្នែកខាងក្នុង។ ជាលទ្ធផល អគារនេះបានទទួលនូវពានរង្វាន់ Minergie Label ដែលជាស្ដង់ដារក្នុងប្រទេសស្វីស សម្រាប់កំណត់ស្ដង់ដារបរិស្ថាននៅក្នុងអគារនានា។បើពិចារណាទៅលើការប្រកួតប្រជែងខាងស្ថាបត្យកម្មនិងគ្រោងសំណង់ មជ្ឈមណ្ឌលរៀនសូត្រនេះអាចត្រូវបានគេទទួលស្គាល់សម្រាប់ការច្នៃប្រឌិតថ្មីក្នុងសតវត្សន៍ទី ២១។


Reference

  • www.detail-online.com/inspiration/rolex-learning-center-in-lausanne-103534.html
  • www.en.wikipedia.org/wiki/Rolex_Learning_Center
  • www.archdaily.com/50235/rolex-learning-center-sanaa